ប្រមុខក្រសួងមហាផ្ទៃ ៖ រាជរដ្ឋាភិបាល បង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយគ្រប់ទីកន្លែង
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់អំពីឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពូជា ក្នុងការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយគ្រប់ទីកន្លែង។
ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្ត្រី ស សុខាបានបញ្ជាក់ទៅកាន់អង្គពិធីថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ»។
សម្រាប់សង្ក្រាន្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព៕