ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញបួងសួងសុំសេចក្ដីសុខ សម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យសម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ និងទំនៀមទម្លាប់អ្នកខេត្តព្រៃវែង នៅទីសក្ការៈទួលបារាយណ៍អណ្ដែត ប៉ែកអាគ្នេយ៍ក្រុងព្រៃវែង ដោយ លោក និងភរិយា បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងដង្វាយ អមដោយការប្រគុំភ្លេងពិណពាទ្យ និងសំឡេងបន្ទរបួងសួងពីបណ្ដាអ្នកចូលរួមយ៉ាងកុះករ។
បញ្ចប់កិច្ចនៅទួលបារាយណ៍អណ្ដែត លោក ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី កែ សួនសុភី ស សុខា ព្រមទាំងមន្រ្តីអ្នកមុខអ្នកការ និងក្រុមការងារយុវជន រួមទាំង ស.សយ.ក. ខេត្ត បានបន្តប្រារព្ធកិច្ចបួងសួងនៅអគារតម្កល់ទូក ង សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី ដែលជាទូងវែងជាងគេលើពិភពលោក នៅមុខសាលាខេត្តព្រៃវែង។
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃនេះទៅ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានកម្មវិធីច្រើន ដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។
ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍កំសាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ៕