ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមានហើយ គិតត្រឹមម៉ោង ១ រសៀល នាថ្ងៃពុធនេះ ដោយមិនមានប្រទេស ឬតំបន់ណាមួយពីជុំវិញពិភពលោក ត្រូវបានលើកលែងនោះទេ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNN។
 
ពន្ធមូលដ្ឋាន ១០ ភាគរយ ចូលជាធរមានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដែលសុទ្ធសឹងតែជាកញ្ចប់ពន្ធបដិការដែលលោក ត្រាំ បានប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍។ អត្រាលើសពីនេះ ក្នុងកញ្ចប់ពន្ធដដែល កំណត់ចូលជាធរមាននៅពាក់កណ្ដាលអធ្រាត្រនៅសហរដ្ឋអាមេរិក (កណ្ដាលថ្ងៃត្រង់នាថ្ងៃពុធនេះ នៅកម្ពុជា)។

សរុបទាំងអស់ ចិនត្រូវរងការដាក់ពន្ធធ្ងន់ធ្ងរជាងគេ រាប់ទាំងពន្ធ ២០ ភាគរយ កាលពីលើកមុន ពន្ធគយបដិការ ៣៤ ភាគរយ និងពន្ធដែលលោក ត្រាំ សម្រេចដាក់ភ្លាមៗ ៥០ ភាគ កាលពីយប់មិញ ក្រោយចិនប្រកាស «ប្រយុទ្ធដល់ទីបញ្ចប់» ដោយមិនទម្លាក់ពន្ធ ៣៤ ភាគរយ លើទំនិញអាមេរិក។

បន្ទាប់ពីចិន ប្រទេសឡេសូតូ ដែលនៅអាហ្វ្រិកខាងត្បូង បានទទួលរងនូវអត្រាពន្ធគយបដិការខ្ពស់ជាងគេ ៥០ ភាគរយ បន្ទាប់មក កម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ ភាគរយ) វៀតណាម (៤៦ ភាគរយ) និងថៃ (៣៦ ភាគរយ) រួមជាមួយប្រទេស និងដែនដីផ្សេងទៀត សរុបទាំងអស់ ១៨០ ជុំវិញពិភពលោក។ សម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សហភាពអឺរ៉ុប (២០ ភាគរយ) ក៏ជាប់លើអន្ទាក់ពន្ធគយបដិការរបស់ ត្រាំ ផងដែរ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា មិនមានប្រទេសណាមួយដែលជាប់ក្នុងបញ្ជីរបស់ ត្រាំ ត្រូវបានលើកលែង ឬបន្ធូរបន្ធយអត្រាពន្ធគយថ្មីនោះទេ ទោះបីជាមានការចរចា សំណើដោះស្រាយ និងការចាត់វិធានការសងសឹកបែបណាក៏ដោយ ដែលធ្វើឱ្យភាពស្រពិចស្រពិល និងជម្លោះពាណិជ្ជកម្មសកល កាន់តែអាក្រក់ទៅៗ។

ចាប់តាំងពីថ្ងៃទី ២ ខែមេសា មក ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានបាត់បង់តម្លៃទីផ្សារជាច្រើនទ្រីលានដុល្លារ ខណៈការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភព លោកបានកើនឡើង។ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ JPMorgan បានបង្កើនការព្យាករពីឱកាសនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដល់ ៦០ ភាគរយ នៅចុងឆ្នាំនេះ ពី ៤០ ភាគរយ ក្នុងការព្យាករកាលពីលើកមុន ប្រសិនបើ ត្រាំ មិនដកចេញនូវផែនការពន្ធគយបដិការរបស់ខ្លួនទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ