សម្តេចក្រឡាហោម ស ខេង ៖ ករណីបាក់ស្រុតអគារដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ ក៏មានជនជាតិខ្មែរយើងដែរ
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឱ្យដឹងថា ករណីបាក់ស្រុតអគារដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥ នៅក្នុងអគារនោះ ក៏មានជនជាតិខ្មែរយើងដែរ។ ប៉ុន្ដែមិនទាន់ដឹងថា «មានកម្មករខ្មែរប៉ុន្មាននាក់ដែរ»។
ក្នុងពិធីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានាក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កាលពីម្សិលមិញមានករណីរញ្ជួយដីនៅប្រទេសថៃ ដល់កម្រិត ៧,៧ រ៉ិចទ័រ ។ ហើយមានអគារមួយ គេកំពង់សាងសង់ ប្រហែល ១៥ជាន់ ក៏បានបាក់ស្រុតដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ហើយមានខ្មែរ នៅណុងដែរ មានម្នាក់ បាក់ជើង ប៉ុន្ដែប៉ុន្មាននាក់ទៀត ក៏យើងអត់ទាន់ដឹង ហើយខាងទូតកំពុងធ្វើការហើយ»។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស៕