ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា នៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក នៅថ្ងៃទី២៩ មីនា។

ការលើកឡើងរបស់ លោក ថោ ជេដ្ឋា នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឧតុនិយម ដើម្បីពង្រឹងការរៀបចំយន្តការ និងដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងការព្យាករគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា «បច្ចុប្បន្ន ប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ និងបានណែនាំដល់ក្រុមការងារឧតុនិយម ត្រូវពង្រឹងការងារ អង្កេតតាមដាន ភូគព្ភសាស្ត្រ ជាពិសេសត្រូវ រៀបចំយន្តការ ផែនការយុទ្ធសាស្រ្ត និងរួបរួមសហការគ្នាបំពេញភារកិច្ច ដោយរៀបចំមន្រ្តីជំនាញផ្នែកឧតុនិយម មន្រ្តីជំនាញខាងរញ្ជួយផែនដី និងឧបករណ៍វាស់ស្ទង់ និងជូនព័ត៌មានអំពីគ្រោះរញ្ជួយដីដែលអាចកើតមានឡើងឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព»។

សូមជម្រាបថា កាលពីវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើងស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង (Sagaing) ក្នុងប្រទេស មីយ៉ាន់ម៉ា។ ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រុិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ