ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ
ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស្នើសុំ នាយករដ្ឋមន្ដ្រីឡាវ ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន នាយករដ្ឋមន្ត្រី នូវការគាំទ្រ ប្រកបដោយភាពជឿជាក់ចំពោះលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាង ច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ក្នុង បុព្វហេតុរួមនៃសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី នៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។
ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេបអំពីលទ្ធផល នៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំ នាយករដ្ឋមន្ត្រី ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ។
ជាការឆ្លើយតប លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន កោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្តេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។
នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធ ផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការ ជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។
នាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យ បានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕