សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ បានញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។
តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជា នៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់លោកតាលោកយាយ អ៊ំពូមីង បងប្អូន ព្រមទាំងបានញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ»។
ជាមួយគ្នានេះផងដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ សម្ដេច បន្ដថា កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ៕