ភ្នំពេញ ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា សង្ឃឹមជឿកជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចារជាមួយរដ្ឋាភិបាលអាម៉េរិក ប្រាកដជា អាចមានស្ថានភាពល្អប្រសើរឡើងវិញ ខណៈដែលការដំឡើងអាត្រាពន្ធលើទំនិញនំាចូលទៅកាន់សហរដ្ឋអាម៉េរិក គឺអាចប៉ះពាល់ខ្លាំងទៅដល់អ្នកប្រើប្រាស់ និងជាពិសេសប្រជាជនអាម៉េរិកផ្ទាល់តែម្តង។

លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានឲ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចធិបតីតែងតែយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់សេវាសាធារណ: ទំនើបកម្ម និងយកវិស័យឯកជនជាដៃគូ និងអាចមានដំណោះស្រាយល្អ និងឈានទៅរកភាពប្រសើរជាក់ជាមិនខាន។

ជុំវិញបញ្ហាការដំឡើងអាត្រាពន្ធរបស់អាម៉េរិក នេះ, លោក ហាក់ លាងហ៊ បានប្រាប់ឲ្យដឹងថា សមាគមភស្តុភារកម្មកម្ពុជា សមាគមនឹងរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២១ និងជំនួបពិភាក្សាពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងលើកកម្ពស់ទិសដៅផែនកាសម្រាប់ឆ្នាំ២០២៥ ដើម្បីវិស័យឡូជីស្ទីកកម្ពុជា។ ដូច្នេះកម្មវិធីនឹងផ្តល់អត្ថប្រយោជន៍ទៅដល់វិស័យឡូជីស្ទីកកម្ពុជា ជាពិសេសធុរជន ដែលកំពុងប្រកបរបរ ក្នុងវិស័យនេះផងដែរ។

លោក បានគូសបញ្ជាក់ថា អង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ សមាគមក៏មានបន្ថែម ជំនួបពិភាក្សាពាណិជ្ជកម្មដោយគ្រោងអញ្ជើញសមាជិក, ស្ថាប័នពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធរបស់សមាគមជាតិ និងអន្តរជាតិ ប្រមាណជាង ២០០ក្រុមហ៊ុន ដើម្បីជាកិច្ចសហប្រតិបត្តិការជំនួបពាណិជ្ជកម្ម ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកពីវឌ្ឍនភាពរបស់វិស័យភស្តុភារកម្មកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានយល់ព្រមព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន លើការនាំចេញរបស់ កម្ពុជាពី ៤៩% មកនៅត្រឹម ១០% សម្រាប់រយៈពេល ៩០ថ្ងៃ។ ការផ្អាកបណ្តោះអាសន្ននេះ ត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald J. Trump កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ហើយអនុវត្តចំពោះប្រទេសទាំងអស់ដែលបានបង្ហាញពីឆន្ទៈក្នុងការចរចាស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួម ទាំងប្រទេសកម្ពុជាផងដែរ។

រាជរដ្ឋាភិបាល ទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចា ស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី៤ ខែមេ សា ឆ្នាំ២០២៥ និងលិខិតរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំមកកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំភាគីកម្ពុជាក្នុងការចរចា ជាមួយសមភាគីសហរដ្ឋអាម៉េរិកនាពេលឆាប់ៗខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាល នឹងបន្តធ្វើកិច្ចការងារនេះ ដោយ យកចិត្តទុកដាក់បំផុត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង» ដោយជំរុញឱ្យ សាធារណជន សហគមន៍ធុរកិច្ច និងអ្នកនាំចេញ បន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ