លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ ចំនួន ៣ថ្ងៃ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ ធ្វើឡើង តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំ រវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕