លោក សុខ ទូច៖ យើងដល់ពេលស្រឡាញ់ធម្មជាតិហើយ កុំដោយសារតែភាពស្រែកឃ្លានមកបំផ្លាញព្រៃឈើឱ្យសោះ, អ្នកឯងធ្វើបាបធម្មជាតិប៉ុណ្ណា ធម្មជាតិនឹងបំផ្លាញយើងបែបនេះវិញ
ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យើងដល់ពេលវេលាត្រូវស្រឡាញ់ជាតិ ស្រឡាញ់ធនធានធម្មជាតិហើយ សុំកុំដោយសារតែភាពស្រែកឃ្លាន ដើម្បីតែបំពេញក្រពះផ្ទាល់ខ្លួន មកកាប់បំផ្លាញធនធានធម្មជាតិ (ព្រៃកោងកាង) ឱ្យសោះ សូមចងចាំថាអ្នកឯងធ្វើបានធម្មជាតិប៉ុណ្ណា ច្បាស់ណាស់ធម្មជាតិនឹងវាយបកបំផ្លាញយើងទំហំប៉ុណ្ណឹងដូចគ្នា។
ការលើកឡើងរបស់ លោក សុខ ទូច បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញបិទ សិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង» ក្រោយការសិក្សាស្រាវជ្រាវពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងតំបន់ពាក្យក្រសោប និងតំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច បានលើកឡើងថា ពេលទៅដល់កោះកុងក្រៅ គឺគ្មានសមុទ្រណាល្អដូចសមុទ្រខ្មែរនោះទេ ពោលមានទឹកសមុទ្រ និងឆ្នេរខ្សាច់សរក្បួស ជាពិសេសមានបរិស្ថានល្អបរិសុទ្ធ។ «អ្នកបំផ្លាញមិនមែនជាមនុស្សសំខាន់នោះទេ ដោយសារតែភាពស្រែកឃ្លាន លុយគាត់ចាយ៣តទៀតក៏អត់អស់ដែរ ប៉ុន្តែ គាត់នៅតែបំផ្លាញ កុំព្រោះតែក្រពះគាត់បំផ្លាញ់អ្វីៗទាំងអស់»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច។
លោក សុខ ទូត បានលើកឡើងថា «យើងមកពេលវេលាស្រឡាញ់ជាតិយើង ស្រឡាញ់ធម្មជាតិយើងហើយ អ្នកឯងធ្វើបាបធម្មជាតិប៉ុណ្ណា ធម្មជាតិនឹងបកមកយើងវិញបែបនោះ កំហឹងធម្មជាតិទប់មិនបាននោះទេ អ៊ឹចឹងបើយើងស្រឡាញ់ធម្មជាតិ ធម្មជាតិនឹងផ្តល់សេចក្តីសុខឱ្យយើង ៣យ៉ាង គឺទី១៖ ជាម្លប់ ទី២៖ ទាក់ទាញទឹក និងទី៣៖ ផ្តល់ឧកស៉ីហ្សែន»។
លោក សុខ ទូច បានបន្តថា ព្រៃកោងកាងមានសារៈសំខាន់ជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្រពីការហូរច្រោះ និងការបាក់ដី បន្ថែមពីនេះបានជួយកាត់បន្ថយ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ៕EB