នាយករដ្ឋមន្ត្រី ៖ កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួននៅសកលលោក
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក បញ្ហានេះ តម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។
តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានបញ្ជាក់ថា «យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ»។
សម្តេចបវរធិបតី បន្ដថា ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ។
សម្តេចបវរធិបតី បន្ថែមថា កម្ពុជាបានសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺរបេង និងស្លាប់ដោយសារ ជំងឺ របេងនេះ នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅលើសកល លោកអាចសម្រេចបាន។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើន ល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង»៕