រាជរដ្ឋាភិបាល នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា «កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ»។
នាឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងបន្ដថែរក្សាបានចលនាការរឹងមាំ ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣% ដែលបន្ដទ្រទ្រង់ ដោយវិស័យបម្រើការនាំចេញ តួរយ៉ាងដូចជា វិស័យកាត់ដេរ និងកម្មន្ដសាល មិនមែនកាត់ដេរ ការបន្ដនិន្នាការកើនឡើងវិញ នៃវិស័យទេសចរណ៍ និងសេវាគាំទ្រ។ គួបផ្សំជាមួយនឹងការបន្ដសេ្ថរភាព នៃកំណើនវិស័យកសិកម្ម។
សម្ដេចបវរធិបតី មានប្រសាសន៍ថា «ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ, រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។ យ៉ាងណាមិញ, កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ, ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ»។
សម្ដេចបវរធិបតី បន្ដថា ការវាយតម្លៃនេះ ក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវ ផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ, សម្ដេច បានលើកឡើងថា «កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមាន ការរៀបចំគោលនយោបាយជាក់លាក់, ចំៗ និង ជាក់ស្តែងនិយម អមជាមួយការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានចេញពី លទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ»៕