កម្ពុជា បញ្ជូនមន្ត្រី ២រូប ទៅចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀត ក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ ការចូលរួមរបស់ពួកគេក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។
គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៦០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋា រចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ការឆ្លើយតបបន្ទាន់របស់កម្ពុជាក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស បានបង្ហាញពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ានក្នុងពេលមានគ្រោះមហន្តរាយ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នៅប្រទេសមីយ៉ាន់ម៉ា៕