រាជរដ្ឋាភិបាល ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម អាចបង្កវិបត្តិសាសនានៅកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ហើយប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
នាឱកាសអញ្ជើញជាអធិបតី «ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥» នាល្ងាចថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា»។
សម្តេចបវរធិបតី បន្ដថា កម្ពុជា ពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែ មានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទ តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេស ជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជា ដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាព ដែលកន្លងមក ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាមនៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា៕