បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញថា នៅទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុង១, ឃុំចំនួន៩៣ និង១០សង្កាត់, និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩%, ខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៤,៤១%, ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិ ភាពស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង ១00%។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបាត់ដំបងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៧ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) ដែលខេត្តបាត់ដំបង ជាខេត្តទទួលបានជ័យលេភីទី ១៧៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ