ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
ភ្នំពេញ ៖ ផ្អែកតាមលទ្ធផល នៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦, ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលរាជធានី ខេត្ត ត្រូវពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ កុម្ភៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវសម្របសម្រួលរៀបចំ វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុង ដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ ដើម្បីរួមគ្នាពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំវេទិកាពិគ្រោះយោបល់នេះផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធាន ការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
ទន្ទឹមនេះ ក្នុងការអនុវត្តជាក់ស្តែងនាពេលកន្លងមក ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានរដ្ឋបាលរាជធានី ខេត្តមួយចំនួននៅពុំទាន់បានអនុវត្តឱ្យបានពេញលេញ ស្របតាមស្មារតីនៃសេចក្តីណែនាំដូចបានបញ្ជាក់ជូនខាងលើនៅឡើយ កត្តានេះត្រូវបានអង្គការសង្គមស៊ីវិល លើកឡើងអំពីភាពអសកម្មនៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
ក្នុងន័យនេះ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈការរៀបចំវេទិកា ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតប ទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ក្រសួងមហាផ្ទៃ ស្នើ អភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន៕