នាយឧត្តមសេនីយ៍ ស ថេត ស្នើស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ជៀសវាងរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់ របស់បុរស
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមិទ្ទិញអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញ តួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់គោលនយោបាយបានជួយគាំទ្រ និងផ្ដល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿននៃសកលលោក និងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបយើងអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យ និងក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ និងគុណធម៌ ឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។
នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា សូមឱ្យនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា ជាមាតា ជាម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឲ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសផុតនូវអំពើឧបាយមុខ អំពីខុសច្បាប់ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋានធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការកសាងសង្គមខ្មែរ ឲ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសម្បូរណ៍រុងរឿង៕