កម្ពុជា-អូស្ត្រាលី វាយតម្លៃខ្ពស់អំពីដំណើរការអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកជំនួបជាមួយ លោកឯកអគ្គរាជទូត នាពេលនេះ ថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ជាពិសេសមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់ជំនួយនានា រួមមាន៖ ជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗ ដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
នាឱកាសនោះដែរ លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាផងដែរ៕