ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផែនការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង (XI JINPING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានឯកភាពទាំងស្រុងចំពោះផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដែលបានរៀបចំ និងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនេះ។

នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា គ្រប់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសកម្ពុជា ដោយសហការគ្នាឲ្យបានល្អ និងទទួលខុសត្រូវខ្ពស់គ្រប់ពេលតាំងពីចំណុចចាប់ផ្ដើម រហូតដល់បញ្ចប់ទស្សនកិច្ច។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកម្លាំងទាំងអស់ត្រូវរក្សាកាយវិការទន់ភ្លន់ ចំពោះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវក្បួនឆ្លងកាត់ តែត្រូវម៉ឺងម៉ាត់នូវអ្វីដែលភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបេសកកម្មដ៏ធំនេះ។ លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានសុំនូវការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ នៅពេលក្បួនឆ្លងកាត់រួចរាល់ ត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលអាចកកស្ទះដោយប្រការណាមួយបណ្ដាលមកពីការបិទផ្លូវចរាចរណ៍បណ្ដោះអាសន្ននេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ