ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី២២ កញ្ញានេះ បានឲ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ឡាយព្រះហស្តលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើជាផ្លូវការ ក្រោយសភា ធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខែ្មរ។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលក្នុងប្រតិទិនឈប់សម្រាកការងារ ប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។

គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋធម្មនុញ្ញកម្ពុជានឹងមានអាយុ៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ដែលកម្ពុជាធ្លាប់បានអនុវត្ត។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឲ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ។

ស្របតាមស្មារតីខាងលើ និងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា គ្រោងនឹងរៀបចំប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសប្រើរដ្ឋធម្មនុញ្ញឲ្យមានភាពអធិកអធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ។

 

ប៉ុន្តែដោយមានសំណូមពរជាក់ស្តែង ព្រះរាជពិធីនេះត្រូវបានពន្យារពេល មកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ