វៀតណាម៖ យុទ្ធនាការប្រឆាំងអំពើពុករលួយនៅវៀតណាមកំពុងសកម្មជាខ្លាំង។ ថ្ងៃទី២៧មីនា តុលា ការក្រុងហាណូយផ្តន្ទាទោស មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង ឲ្យជាប់ក្រោយចម្រឹងដែក ៨ឆ្នាំ។  ចំណែកនៅក្រុងហូជីមីញ រដ្ឋអាជ្ញាទាមទារពីសប្តាហ៍មុនឲ្យកាត់ទោសប្រហារជីវិតមហាសេដ្ឋីនីអចលនទ្រព្យ លោកស្រី ជឿង មី ឡាន ក្នុងបទលួចគៃបន្លំហិរញ្ញវត្ថុ។

មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង (Đỗ Anh Dũng) ត្រូវតុលាការហាណូយ កាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំ បោកបញ្ឆោតអ្នកវិនិយោគទុន។ ទំហំទឹកប្រាក់ដែលខាតបង់ក្នុងអំពើល្មើសនេះ ត្រូវកាសែតរដ្ឋវៀតណាម ប៉ាន់ប្រមាណថា ៣៥៥ លានដុល្លារ ហើយមានជនរងគ្រោះ ប៉ះពាល់ ប្រមាណជាង ៦ ៦០០ នាក់។


លោក ដូ អាញ ឌុង ត្រូវរដ្ឋអំណាចវៀតណាមចាប់ឃុំខ្លួន កាលពីខែមេសាឆ្នាំទៅមិញ។ លោកជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឈអចលនទ្រព្យ តាន់ ហ័ង មីង (Tân Hoàng Minh) ដែលមានជំនាញខាងផ្ទះល្វែង និងគ្រឿងសង្ហារិមការិយាល័យ ហើយក៏មានក្រុមហ៊ុនច្រើនផ្សេងទៀតដែលគ្មានសកម្មភាពច្បាស់លាស់។ តាមការផ្សាយរបស់កាសែតរដ្ឋវៀតណាម, អង្គហេតុដំបូង ក្រុមហ៊ុន តាន់ ហ័ង មីង ប្រកាសនៅដើមឆ្នាំ២០២២ថា ខ្លួនជួបវិបត្តិកូវីដ១៩ ដែលធ្វើឲ្យគម្រោងសាងសង់ជាច្រើនស្ទះជាប់គាំង ហើយនិងជំពាក់កម្ចីធនាគារ ប្រហែល ៨១០ លានដុល្លារ ចាំបាច់ត្រូវរកមូលនិធិដោះបំណុលជាបន្ទាន់។ 

ក្រុមហ៊ុនបានប្រកាសលក់មូលបត្របំណុល ដោយបូកទាំងកញ្ចប់បំណុលរបស់ក្រុមហ៊ុន៣ទៀត ដែលមានតែឈ្មោះ និងគ្មានសកម្មភាពសេដ្ឋកិច្ចសោះ។ តាមរយៈការលក់មូលបត្របំណុលនិងការបង្វិលលុយចុះឡើង ធ្វើឲ្យលោក ដូ អាញ ឌុង អាចគៃបន្លំចំណេញបានប្រាក់ជាច្រើនរយលានដុល្លារ។ នេះបើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម។


កូនប្រុសសេដ្ឋីរូបនេះ ឈ្មោះ ដូ ហ័ង វៀត មានតួនាទីជាអគ្គនាយករងក្រុមហ៊ុនតាន់ ហ័ង មីង ដែលជាមេផ្សំគំនិត ក៏ត្រូវតុលាការ ផ្តន្ទាទោសពន្ធនាគារ ៣ ឆ្នាំ។ ក្នុងសំណុំរឿងតែមួយ តុលាការហាណូយ កាត់ទោសអ្នកពាក់ព័ន្ធ ១៣ នាក់ទៀត ឲ្យជាប់ក្រោយចម្រឹងដែក ទៅតាមទំហំទោសផ្សេងៗគ្នា រហូតដល់កម្រិតជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ