ភ្នំពេញ ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជា គ្មានមហិច្ឆតា និងគ្មានគោលបំណង យកប្រទេសខ្លួនឯង ទៅសង្គ្រាមជាមួយប្រទេសណា ទោះបីសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច ផ្ទួយទៅវិញកម្ពុជា មានតែពង្រឹងនូវចំណងមិត្តភាពគ្រប់ប្រទេសទាំងអស់។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតនៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាគ្មានពេលទៅឈ្លោះជាមួយបរទេសណាឡើយ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពផ្ទៃក្នុងជាតិ។


សម្ដេចធិបតី បញ្ជាក់ថា «ប្រទេសកម្ពុជា គ្មានបង្កើតសត្រូវជាមួយប្រទសណាទេ យើងប្រកាន់ជំហរមិត្តជាមួយគ្រប់ប្រទេសទាំងអស់។ គ្មានយកសត្រូវជាមួយប្រទេសទាំងអស់ យើងសហការ យើងជាមួយគ្នា។ គោលនយោបាយទំនាក់ទំនងអន្ដរជាតិមិត្តភាពទាំងអស់ កម្ពុជា គ្មានយកប្រទេសណាសត្រូវព្រោះយើងរស់ដោយខ្លួនឯង គ្មានពេលសង្គ្រាមជាមួយប្រទេសណាទេ»។

សម្ដេចធិបតី បន្ដថា «សូមបញ្ជាក់ថា កម្ពុជា គ្មានមហិច្ឆតា ឬគ្មានគោលបំណង យកប្រទេសខ្លួនឯង ទៅសង្គ្រាមជាមួយប្រទេសណា ទោះបី ក្នុងសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច ឬមួយសង្គ្រាមប្រដាប់អាវុធ យើងគ្មានទេ យើងមានតែខិតខំពង្រឹងនូវចំណងមិត្តភាពរបស់យើង»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា កម្ពុជា រីកចម្រើន គឺជាកត្តាវិជ្ជាមានសម្រាប់បណ្ដាលប្រទេសទាំងអស់ នៅក្នុងតំបន់លើពិភពលោក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ