កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា  ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គឺមានលទ្ធផលដូចខាងក្រោម ៖

១. ចាប់ពីថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់ឲ្យម្ចាស់ដីធ្វើ ការកកាយថ្មចេញពីទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានធ្វើការចាត់ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគី ម្ចាស់ដីផងដែរ។

២. ដំណើរការកកាយថ្មយកចេញវិញនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។

៣. ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក ៖ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។ លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃ បាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។

ដូច្នេះ រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យ អាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ