ភ្នំពេញ ៖ ឆ្លើយតបនឹងការចោទប្រកាន់ជុំវិញគម្រោងព្រែកជីកហ្វូណន ថា កសាងឡើងដើម្បីទុកឱ្យចិនប្រឆាំងជាមួយវៀតណាមនោះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសច្រានចោល និងបានបញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនឡើយ។

ការប្រកាសច្រានចោលបែបនេះពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបន្ទាប់ពីមានការបន្តចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ជាពិសេសថ្មីៗនេះ មានការចោទថា ព្រែកជីក តេជោហ្វូណន នឹងសម្រួលដល់កងទ័ពជើងទឹកចិន ក្នុងប្រឆាំងនឹងប្រទេសវៀតណាម ដែលជាអ្នកជិតខាងរបស់កម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា «រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជា គ្មានមហិច្ឆតា គ្មានគោលគំនិត ហើយគ្មានភាពក្លាហានក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ»។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមិនឱ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ កុំថា ការតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់កម្ពុជា សូម្បីតែសកម្មភាពផ្សេងៗដែលប្រឆាំងនឹងប្រទេសណាមួយ ក៏មិនឱ្យមាននោះដែរ។

ទាក់ទិននឹងការចោទថា ព្រែកជីកតេជោហ្វូណន នឹងអនុញ្ញាតឱ្យប្រទេសចិនយកនាវាចម្បាំងប្រឆាំងនឹងប្រទេសជិតខាងកម្ពុជានោះ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ឆ្លើយតបថា នាវាចម្បាំងធំៗ មិនអាចចូលចតនៅព្រែកជីកតេជោហ្វូណនបានឡើយ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែកជីកហ្វូណនដែលមានមុខកាត់ត្រឹម ១០០ម៉ែត្រ និងជម្រៅត្រឹមប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រែកជីកតេជោហ្វូណន សាងសង់ឡើងដើម្បីតែនាវាដឹកទំនិញតែប៉ុណ្ណោះ ពោល គឺនាវាចម្បាំងមិនអាចចូលចតបានទេ។

ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ព្រែកជីកតេជោហ្វូណន គឺសាងសង់ឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គម ដែលនឹងជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ ដែលមានស្រាប់ ជាពិសេសជួយឱ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនទិន្នផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាបនៅតាមព្រែកនេះ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ