ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានសន្យាថា នឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដែលត្រូវអភិវឌ្ឍថ្មីៗបន្ថែមទៀត បម្រើសេវាសាធារណៈ ដល់ប្រជាជន កាន់តែទូលំទូលាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP នៅថ្ងៃទី២៥ មេសា ២០២៤។

លោក Gabriel Attal បានប្តេជ្ញាពីការធ្វើបដិវត្តន៍កម្មសេវាសាធារណៈ ជាមួយ AI បែបនេះ អំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់តំបន់ Sceaux នាភាគខាងត្បូង នៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។

នាពេលនោះ លោក Gabriel Attal ក៏បានដាក់បង្ហាញឧបករណ៍បញ្ញាសិប្បនិមិត្ត «Albert» ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឆ្លើយនឹងសំណួរដែលគេសួរញឹកញាប់ និងចំណេញពេលវេលាច្រើន។ «Albert» ត្រូវបានរំពឹងថា នឹងឆ្លើយតបនឹងការសួររបស់ប្រជាជន ១៦លានដង ជាប្រចាំថ្ងៃ។

លោក Attal បានប្រាប់ដែរថា គម្រោងបរិស្ថានរាប់ពាន់ ត្រូវបានបញ្ជូលទៅក្នុងបច្ចេកវិទ្យា AI ដូចជា កសិដ្ឋានខ្យល់ ឬ គម្រោងអភិវឌ្ឍន៍ទីក្រុង ជាដើម។ លោកបានបន្តថា នៅចុងឆ្នាំនេះ ឧបករណ៍ AI ក៏នឹងត្រូវបានប្រើ ដើម្បីធ្វើស្វ័យប្រវត្តិកម្មការចម្លង នៃសវនាការផ្លូវច្បាប់, ការដាក់ពាក្យបណ្តឹង ឬ របាយការណ៍វេជ្ជសាស្ត្រ ទៀតផង។ លោកនាយករដ្ឋមន្ត្រីបារាំង វ័យក្មេងរូបនេះ បានបន្ថែមទៀតថា AI ក៏នឹងត្រូវបានប្រើ សម្រាប់ការរកឲ្យឃើញ នូវករណីភ្លើងឆេះព្រៃ ឬ ការគ្រប់គ្រងធនធានមនុស្ស របស់មន្ត្រីរាជការ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ