អន្តរជាតិ៖ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីជម្លោះ ដែលកំពុងប្រយុទ្ធនៅប្រទេសស៊ូដង់ អនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ដើម្បីទប់ស្កាត់ភាពស្រែកឃ្លានដ៏មហន្តរាយនៅទីនោះ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ មីនា ២០២៤។

យោងតាមឯកសាររបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រជាជនស៊ូដង់ប្រហែល ៥លាននាក់អាចប្រឈមមុខនឹងអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរក្នុងពេលប៉ុន្មានខែខាងមុខ ខណៈដែលសង្រ្គាមជិតមួយឆ្នាំរវាងឧត្តមសេនីយគូប្រជែងទាំងពីរ បន្តធ្វើឱ្យប្រទេសនេះកាន់តែបែកបាក់គ្នា។

ដោយកត់សម្គាល់ថា ប្រជាជនស៊ូដង់ប្រហែល ១៨លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលជាកំណត់ត្រាមួយក្នុងរដូវប្រមូលផលនោះ ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីសហ្វីដស៍ បានព្រមាននៅក្នុងសារលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា មនុស្សជិត ៥លាននាក់អាចនឹងធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងដ៏មហន្តរាយ នៅក្នុងផ្នែកខ្លះនៃប្រទេសស៊ូដង់ក្នុងពេលប៉ុន្មានខែខាងមុខ។ លោកបន្ថែមថា កុមារស៊ូដង់ជិត ៧៣០,០០០នាក់ រួមទាំងជាង ២៤០,០០០នាក់នៅក្នុងទីក្រុងដាហ្វ័រ ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

សង្រ្គាមរវាងមេទ័ព Abdel Fattah al-Burhan និងអតីតអនុប្រធានរបស់គាត់គឺ Mohamed Hamdan Daglo ចាប់តាំងពីខែមេសាឆ្នាំមុន បានសម្លាប់មនុស្សរាប់ម៉ឺននាក់, បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យសេដ្ឋកិច្ចស៊ូដង់ធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមគ្នា ជម្លោះនេះក៏បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងកង្វះស្បៀងអាហារដ៏ធ្ងន់ធ្ងរផងដែរ ដោយប្រទេសស៊ូដង់កំពុងឈានទៅរកភាពស្រែកឃ្លានដ៏មហន្តរាយ។ លោក Mandeep O’Brien តំណាងអង្គការ UNICEF ប្រចាំប្រទេសស៊ូដង់ និយាយថា កុមារចំនួន ១៤លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ហើយ ៤លាននាក់បង្ខំចិត្តផ្លាស់ទីលំនៅ។

រីឯអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោកស្រី Alessandra Vellucci បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ស្ថាប័នពិភពលោកបានអំពាវនាវយ៉ាងទទូចសុំថវិកាចំនួន ២,៧ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយនៅឆ្នាំនេះ ប៉ុន្តែបានទទួលត្រឹមតែ ៥ភាគរយនៃចំនួននោះប៉ុណ្ណោះ គិតមកទល់ពេលនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ