ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយកូនប្រុសទាំង៣រូប រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។

ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយផ្ទាល់ព្រះអង្គថែមទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ