អន្តរជាតិ៖ កៀហ្ស៊ីស៊ីស្ថានជាប្រទេសតូចមួយ ដែលជាអតីតសហភាពសូវៀត ដែលមានប្រជាជនចំនួន ៧លាននាក់ បានសម្រេចបិទកម្មវិធី Tiktok ស្ថិតក្រោមហេតុផលព្រួយបារម្ភអំពីការប៉ះពាល់ដល់សុខភាពរបស់កុមារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Bangkok Post នៅថ្ងៃទី២៣ មេសា ២០២៤។

កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន បានប្រឈមមុខនឹងប្រតិកម្មជាសកល ពីសំណាក់អ្នកនយោបាយ និងនិយតករ ជុំវិញបញ្ហាសុវត្ថិភាពទិន្នន័យនៅលើបណ្តាញអ៊ីនធឺណិតរបស់កុមារ និងអ្នកប្រើប្រាស់។ ជាក់ស្តែង រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានបានសម្រេចបិទកម្មវិធី TikTok បន្ទាប់ពីសេវាសន្តិសុខរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ បានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលរបស់វាទៅលើសុខភាពរបស់ក្មេងៗ។

លោក Azamat Asanov ដែលជាមន្ត្រីនៅក្នុងក្រសួងឌីជីថលកៀហ្ស៊ីស៊ីស្ថានបាននិយាយថា ការសម្រេចចិត្តបិទកម្មវិធី Tiktok កើតឡើង TikTok ខកខានក្នុងការអនុលោមតាមច្បាប់ ស្តីពីការការពារគ្រោះថ្នាក់ដល់សុខភាពរបស់កុមារ។ ទន្ទឹមគ្នា មនុស្សមួយចំនួននៅក្នុងរដ្ឋធានីប៊ឺស្កេក បានចាត់ទុកការហាមឃាត់នេះថា ជាថ្នាំកំចាត់ការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយអ្នកខ្លះទៀតចាត់ទុកថា វាជាការគាបសង្កត់ និងគ្រប់គ្រងសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។

គួរបញ្ជាក់ថា កៀហ្ស៊ីស៊ីស្ថាន ដែលធ្លាប់ត្រូវបានគេមើលឃើញថា ជាប្រទេសបើកទូលាយផ្នែកនយោបាយបំផុតនៅក្នុងតំបន់ បានធ្វើយុទ្ធនាការកាន់តែខ្លាំងឡើង ដើម្បីនាំយកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ