ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡាហ៍ប្រហែល ៤,៥០០ទីតាំង នៅក្នុងប្រទេសលីបង់ និងស៊ីរី ក្នុងរយៈពេល៥ខែចុងក្រោយនេះ ដោយបានសម្លាប់យុទ្ធជនរបស់ក្រុមនេះប្រហែល ៣០០នាក់ និងរបួសជាង ៧៥០នាក់។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ មីនា ២០២៤។

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅដែលអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោក រួមទាំងកន្លែងផ្ទុកគ្រឿងសព្វាវុធ និងរចនាសម្ព័ន្ធយោធា ក៏ដូចជាមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ និងគ្រប់គ្រងរបស់ពួកហេសបូឡាហ៍។ យោធាអ៊ីស្រាអែលនិយាយថា មេបញ្ជាការជាន់ខ្ពស់ ៥នាក់ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ហើយកោសិកាភេរវកររាប់សិបនាក់ ដែលដឹកនាំ ឬបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល ក៏រងការវាយប្រហារផងដែរ។

ប្រតិបត្តិការប្រយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបនឹងការវាយប្រហាររបស់ពួកហេសបូឡាហ៍ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ទៅលើជនស៊ីវិល និងសហគមន៍នៅភាគខាងជើងអ៊ីស្រាអែល។

ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលា សម្ព័ន្ធមិត្តរបស់ហាម៉ាស់ គឺក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលបានវាយប្រហារគ្នាជារៀងរាល់ថ្ងៃនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក មនុស្សយ៉ាងហោចណាស់ ៣១៩នា ភាគច្រើនជាពួកយុទ្ធជនហេសបូឡាហ៍ និងជនស៊ីវិល ៥៤នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមចំនួនសរុបរបស់សារព័ត៌មាន AFP។ ចំណែកនៅអ៊ីស្រាអែលវិញ មានទាហាន ១០នាក់ និងជនស៊ីវិល ៧នាក់ក៏ត្រូវបានសម្លាប់ផងដែរ ខណៈដែលជម្លោះនេះ បានបង្ខំឱ្យប្រជាជនស្លូតត្រង់រាប់ម៉ឺននាក់ភៀសខ្លួនទាំងសងខាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ