ហ្ស៊ឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប គឺអមនុស្សធម៌ ហើយបានហៅទឹកដីប៉ាឡេស្ទីននេះថា ជា “តំបន់មរណៈ”។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២២ កុម្ភ: ២០២៣។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា ស្ថានភាពសុខាភិបាល និងមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺអមនុស្សធម៌ ហើយបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ ឥឡូវនេះ ហ្គាហ្សាបានក្លាយជាតំបន់មរណៈ។ ទឹកដីភាគច្រើននៅទីនោះត្រូវបានបំផ្លាញ។ លោក Tedros បន្ថែមថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានផ្ទុះឡើងយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ពីក្រោម១ភាគរយទៅច្រើនជាង ១៥ភាគរយនៅក្នុងតំបន់មួយចំនួន។

តួលេខនេះនឹងកើនឡើងបន្ថែមទៀត បើសិនសង្រ្គាមនៅតែបន្តអូសបន្លាយ ហើយការផ្គត់ផ្គង់ជំនួយត្រូវរងការរំខាន។ ទន្ទឹមគ្នា លោក Tedros បានអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយទាមទារឱ្យបើកចំហរសម្រាប់ជំនួយអន្តរជាតិ។

ការអត្ថាធិប្បាយរបស់ប្រមុខអង្គការសុខភាពពិភពលោករូបនេះធ្វើឡើង ស្របពេលដែលមានកិច្ចពិភាក្សាថ្មីទៀតនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងគោលបំណងទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ