ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចបានអោយដឹងនៅរសៀលថ្ងៃសៅរ៍នេះថា មាន  ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់៦ជាន៎ ស្មើ៤ល្បែង១កន្លែង កំពុងសាងសង់នៅចំណុចស្រះសួគ៌ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ខុសបច្ចេកទេស ដោយសារជន្ទល់ទម្រប្លង់សេវែងៗពេក ហើយយោលញ័រនៅពេលទ្រទម្ងន់ស៊ីម៉ងត៍ធ្ងន់និងបុកពីរថយន្តក្រឡុកផង ទើបបណ្តាលអោយបាក់រលំបែបនេះ ។

អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា នៅ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ថាមានហេតុការណ៍បាក់ប្លង់សេអគារកំពុងសាងសង់ស្ថិតនៅចំណុចស្រះសួគ៌ ស្ថិតភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានម្ចាស់ឈ្មោះ យឹម គឹមអៀង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរអាជីវករ ។

លោកអធិការបានបន្តថា អគារកំពុងសាងសង់បាក់ធ្លាក់នេះមានទទឹង១២ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រ កំពុងចាក់ប្លង់សេជាន់ទី១ ។ ក្នុងនោះបណ្តាលអោយគ្រោះថ្នាក់មនុស្ស៖ទី១ ឈ្មោះនី ស្រីនិច អាយុ១៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ជាកម្មករសំណង់ ស្នាក់នៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអគារថ្មីភូមិអូរជ្រៅ និង២នាក់ទៀតរបួសស្រាលៗ ។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹង ថា ករណីនេះលោកនិងមន្ត្រីបាននឹងចុះទៅដល់កើតហេតុដើម្បីពិនិត្យ និងរកមូលហេតុនៃការរលំបាក់ប្លង់សេអគារនោះ  យោងឯកសារ សំណង់នោះមានច្បាប់អនុញ្ញាតិសាងសង់ដែលស្នើត្រឹមការិយាល័យច្រកចេញ-ចូលតែមួយនៃសាលាក្រុងប៉ោយប៉ែត ។ ចំពោះមូលហេតុនៃការរលំបាក់ប្លង់សេនោះ មន្ត្រីជំនាញបាននិងកំពុងស្រាវជ្រាវ ។ លោកថា សំណង់នេះត្រូវផ្អាកបណ្តោះអាសន្ន រង់ចាំការសម្រេចពីជំនាញនិងអាជ្ញាធរពា់ព័ន្ធ។

គួរបញ្ជាក់ថា លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានប្រាប់ថា អំពីកម្មការិនីរងរបួសក្រោយពេលបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយត្រូវពិនិត្យនិងថត ឆ្លុះ ឃើញថា ជើងនាងមិនបាក់ទេគ្រាន់តែរបួសគ្រាំខ្លាំងប៉ុណ្ណោះ ។ ចំពោះម្ចាស់សំណង់ និងមេក្រុមជាងក៏មិនត្រូវបានឃាត់ខ្លួនដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ