(ភ្នំពេញ)៖ កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ បានសម្រេចចិត្តលាឈប់ពីអាជីពអ្នកប្រដាល់ហើយ ក្រោយទ្រាំទ្រនឹងការជេរប្រមាថរបស់អ្នករិះគន់មួយចំនួនតូចមិនបាន ទោះបីលោកមានចិត្តអាឡោះអាល័យចង់បន្ដអាជីពឈឺសាច់នេះទៀតក៏ដោយ។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាននៅថ្ងៃចន្ទនេះ វង្ស ណយ បានបញ្ជាក់ពីមូលហេតុធំៗ២ ដែលធ្វើឲ្យលោកបង្ខំចិត្តលាឈប់ពីអាជីពអ្នកប្រដាល់ ទី១-ការគាំទ្រនៅមានកម្រិត និងទី២-ការជេរប្រមាថ ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត មិនអាចប្រកបអាជីពបន្ដបាន។

អ្នកលេងគុនខ្មែរវ័យ ៣៣ឆ្នាំរូបនេះនិយាយថា «ការសម្រេចចិត្តនេះ ដោយសារខ្ញុំគិតថា ការគាំទ្រគុនខ្មែរនៅមានកម្រិត គាំទ្រតែមាត់ អត់គាំទ្របែបជួយទី១ ហើយទី២ ពេលខ្ញុំវ៉ៃឈ្នះអត់បានអីមកវិញទេ តែដល់ខ្ញុំវ៉ៃចាញ់ រងនូវការជេរប្រមាថ។ ចឹងសួរថា តើខ្ញុំប្រឹងដើម្បីអ្វីទៀត? ព្រោះបើទៅមុខទៅដូចជាមិនគ្រាន់អីជាងហ្នឹង។ ដំបូងឡើយ ចិត្តចង់វ៉ៃទៀតដែរ តែដូចខ្ញុំនិយាយចឹង មនុស្សមួយចំនួនចូលចិត្តជាន់ពន្លិច និយាយរួមខ្ញុំបាក់ទឹកចិត្ត ដល់អញ្ចឹងមិនដឹងប្រឹងទៅបានអ្វីមកវិញ ចាញ់គេប្រមាថ ឈ្នះអត់បានអីមកវិញ។ វ៉ៃឈ្នះអ្នកអន់ ថាយើងឈ្នះអ្នកអន់ ដល់យើងវ៉ៃឈ្នះអ្នកខ្លាំង... និយាយទៅសម្រាប់ប្រជាជនមួយភាគតូច គាត់ចាំតែតែជេរ»។ វង្ស ណយ បន្ថែម។

យ៉ាងមិញកីឡាករមានប្រវត្ដិឡើងសង្វៀនរាប់រយដងនេះបានបង្ហើបថា ទោះលាឈប់ពីអាជីពកីឡាករមែន តែខ្លួនក៏មិនទាន់សម្រេចចិត្តថា ត្រូវឈប់ពាក់ព័ន្ធនឹងវិស័យមួយនេះដែរ ពោលគឺលោកនឹងធ្វើការពិចារណា ប្រសិនបើមានការផ្ដល់ឱកាសឲ្យលោកធ្វើជាមន្ដ្រីបច្ចេកទេសក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ 

ដោយឡែកពាក់ព័ន្ធនឹងអនាគតកូនៗលើវិថីប្រដាល់គុនខ្មែរវិញ លោកបានសង្កត់ធ្ងន់ថា «កន្លែងហ្នឹងអាស្រ័យទៅលើជាក់ស្ដែង បើសិនថ្ងៃក្រោយទៅកីឡាកររីកចម្រើន អ្នករិះគន់គាត់មានការយល់ដឹងច្រើន បានលុយច្រើនកាន់តែសប្បាយចិត្ត តែបើបានលុយតិច ខ្ញុំអត់ទេ អត់ឲ្យកូនឈឺសាច់ដូចឪទេ»។

គួរដឹងថា លោក វង្ស ណយ បានប្រកាសលាឈប់ពីអាជីពគុនខ្មែរនេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់លោកកាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអមជាមួយសារសរសេរថា «ខ្ញុំវ៉ៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។

កីឡាករពូកែវាយកែងនេះ បានចូលប្រឡូកអាជីពប្រដាល់គុនខ្មែរដំបូងនៅឆ្នាំ២០០៣ បន្ទាប់មកលោកបានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើងៗ រហូតត្រូវបានផ្គូផ្គងឲ្យជួបកីឡាករបរទេសជាបន្ដបន្ទាប់ ក្រោយត្រូវបានចាត់ទុកជាកីឡាករកម្រិត A នៅកម្ពុជា។ ហើយដៃគូក្នុងស្រុក ដែលអ្នកគាំទ្រចងចាំមិនភ្លេចពេលប៉ះ វង្ស ណយ មានដូចជា កែវ រំចង់, ឡុង សុភី និងអតីតកីឡាករ ឡៅ ស៊ីណាត ជាដើម។ បច្ចុប្បន្នមុនប្រកាសឈប់ឡើងសង្វៀន លោកក៏មានរបរលក់ម្ហូបតាម Online ដើម្បីទ្រទ្រង់ជីវភាពផងដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ