ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានពន្យល់បញ្ជាក់ពីករណីលោក រ៉ុង ឈុនថា នៅមិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

ការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះធ្វើឡើងមុនមួយថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៩ ឧសភា បានទុកពេល៥ថ្ងៃឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌខ្វះខាត៣ចំណុច ។ ក្នុងចំណោម៣ចំណុចនោះ គឺចំណុចសំខាន់មិនទទួលយកលោក រ៉ុង ឈុន ជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្ដាលព្រោះលោកត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ។ មណ្ឌលខេត្តកណ្តាលនេះ ខាងគណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ឈរឈ្មោះបោះឆ្នោតដែរ។

លោក រ៉ុង ឈុន ធ្លាប់បានជាប់ពន្ធនាគារនៅឆ្នាំ២០២០ ពីបទញុះញង់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ តែលោកត្រូវបានដោះលែងនៅឆ្នាំ២០២១ តាមការសម្រេចរបស់សាលាឧទ្ធរណ៍ព្យួរទោសសេសសល់។

តាមរយៈលិខិតមួយច្បាប់របស់លោករដ្ឋមន្រ្តីយុត្តិធម៌ផ្ញើទៅលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីថ្ងៃ៨ ឧសភា បានឲ្យដឹងថា ករណី លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។

មួយទៀតអំពីការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ៖ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ការផ្ដល់ឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឲ្យឬមិនព្រមផ្តល់ឲ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការ នៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំឲ្យមាននីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះ ត្រូវចាប់ផ្ដើមគិតពីការអនុវត្តទោសរួច ។ 

លិខិតបន្តថា ម្យ៉ាងទៀតការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់៖ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវីធីព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ ។

ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាលោក រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល «ដូចនេះលោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឲ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។

សូមបញ្ជាក់ថា ក្រោយការប្រកាសរបស់គ.ជ.បរួចមក តាមរយៈការចុះផ្សាយដោយវិទ្យុវីអូអេនាថ្ងៃ៩ ឧសភាដដែលនោះ លោក រ៉ុង ឈុន បានប្រកាសសម្រេចដកខ្លួនចេញពីជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្ដាលហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ