ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរដល់អ្នកដែលបានទទួលសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ហើយ តែមិនបានទៅទស្សនានោះ សូមឲ្យសំបុត្រនោះទៅអ្នកផ្សេងទៀត ដែលគេចង់ទៅទស្សនា។

ការសំណូមពរនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡា បាននាំគ្នាសម្រុកទៅយកសំបុត្រចូលទស្សនា ការប្រកួតកីឡាបាល់ទាត់រវាងកម្ពុជា ជាមួយហ្វីលីពីន នៅថ្ងៃទី ២ ខែឧសភាស្អែកនេះ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើថា សំបុត្រចូលទស្សនា ត្រូវតម្រូវទៅតាមចំនួនកៅអីអង្គុយ មិនអាចលើសពីចំនួននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ព្រឹកមិញនេះ ឯកឧត្ដម ថោង ខុន រាយការណ៍ឲ្យខ្ញុំ គឺសំបុត្ររបស់យើង ខ្ញុំសុំស្នើប៉ុនណេះ សំបុត្ររបស់យើង គឺតម្រូវទៅតាមទីកន្លែង មិនអាចទៅលើពីហ្នឹងទេ ហើយសំបុត្រ ១ ត្រូវមើល ២ប្រកួតដដែ ព្រោះបើមិនអញ្ចឹងវាអាចនឹងមានបញ្ហាអ្នកចេញ ក៏មិនចេញ អ្នកចូលក៏មិនចូល វាទៅជាន់គ្នា អញ្ចឹងសំបុត្រ ១ ត្រូវមើល ២ប្រកួតតែម្ដង»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរដល់អ្នកដែលបានទទួលសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ហើយ តែមិនបានទៅទស្សនានោះ សូមឲ្យសំបុត្រនោះទៅអ្នកផ្សេងទៀត ដែលគេចង់ទៅទស្សនា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំក៏សូមសំណូមពរអ្នកដែលបានទទួលលិខិត បើកាលណាខ្លួនបានទទួលសំបុត្រហើយ តែខ្លួនមិនបានទៅ ខ្លួនត្រូវប្រគល់ឲ្យអ្នកដទៃទៅ បើមិនដូច្នេះទេកៅអីរបស់យើងនឹងចំហៗ»។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡាទាំងអស់ សូមកុំសម្រុកទៅមើលការប្រកួតបាល់ទាត់ ក្នុងពេលដែលខ្លួនមិនមានសំបុត្រចូលទស្សនាឲ្យសោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ