ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសារពិសេសមួយជូនជនរួមជាតិ ដោយបញ្ជាក់ពីការសម្រេចចិត្តចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ។

តាមរយៈសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះយ៉ាងដូច្នេះ «មូលហេតុនៃការសម្រេចចិត្តនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្តើមពីអូមីក្រុងបានរុករាននៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម ៥ឆ្នាំ មានប្រមាណជាង ២០ភាគរយ ដែលទទួលនូវជំងឺនេះ។ និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ខ្ញុំព្រះករុណា ដែលទើបមានអាយុមិនទាន់ដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់ឱ្យកុមារដែលមានអាយុពី៣ ទៅដល់ ៥ឆ្នាំ»។

សម្តេចតេជោ បានបន្ថែមថា «មានភាពចាំបាច់ក្នុងការការពារកុមាររបស់យើងកុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុង គឺកូវីដ១៩នេះឯង។ ដូច្នេះយើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ គឺពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនោះទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កុមារអាយុចាប់ពី៣ឆ្នាំ ដល់ ៥ឆ្នាំ មានចំនួនប៉ានស្មានប្រមាណជា ៧០ម៉ឺននាក់។ សម្តេចតេជោ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សូមនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលបានរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុពី៣ឆ្នាំ ដល់ ៥ឆ្នាំ ឱ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុត។

តាមរយៈវិធានការនេះ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា កុមាររបស់កម្ពុជា នឹងចៀសផុតពីគ្រោះមហន្តរាយនៃបញ្ហាសុខភាព ដែលបានបង្កឡើងនៅក្នុងក្រុមកុមារប្រមាណពី ២០ភាគរយ ទៅ ២៥ភាគរយ រហូតដល់ការប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើម។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «វ៉ាក់សាំងជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថា ពួកគេគឺទទួលភាពស៊ាំហើយនឹងមិនមានការឆ្លងជំងឺ។ បើសិនជាមានការឆ្លង ក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ»។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ដោយមានបទពិសោធន៍រួចស្រេចទៅហើយនោះ គ្រប់ផ្នែក និងគ្រប់ថ្នាក់ ជាពិសេសប្រជាជន និងកុមារទទួលបានវ៉ាក់សាំងពេញលេញពីរដូសដំបូង ប្រកបដោយសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ