ភ្នំពេញ ៖ កម្ពុជា និងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសារព័ត៌មាន ដើម្បីផលិតកម្មវិធីផ្សាយរបស់វិទ្យុ និងទូរទស្សន៍ ឲ្យកាន់តែបានល្អបន្ថែមទៀត។នេះបើយោង តាមការចេញផ្សាយ ក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំទ្វេភាគី រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម (VOV) ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា «កិច្ចប្រជុំទ្វេភាគីនេះ មានគម្រោងពង្រឹងការផលិតកម្មវិធីផ្សាយ កែលម្អឯកសារ និងរក្សាទុកឯកសារសំខាន់ៗ របស់វិទ្យុ និងទូរទស្សន៍ឲ្យបានល្អ»។

លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងកម្ពុជានិងវៀតណាម ដែលជាមូលដ្ឋានមួយ ជួយពង្រឹងដល់កិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ 

លោកបន្ថែមថា នៅឆ្នាំ២០២១ខាងមុខ វៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ហើយនៅឆ្នាំ២០២៣ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមនេះដែរ។ ដូច្នេះកម្ពុជានឹងបញ្ជូនមន្រ្តីជំនាញ ទៅធ្វើការសិក្សា អំពីការថត និងយកព័ត៌មាននៃការប្រកួតកីឡាស៊ីហ្គេមនោះ ដើម្បីជាបទពិសោធន៍ សម្រាប់ស៊ីហ្គេម នៅកម្ពុជា។

ចំណែក លោក ង្វៀន ថេគី អគ្គនាយកវិទ្យុសំលេងវៀតណាម VOV បានលើកឡើងថា គម្រោងសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តន៍រួចមកហើយ ក្នុងរយៈពេលកន្លងមក និងបន្តអនុវត្តន៍នៅពេលខាងមុខទៀត ទាំងលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផលិតកម្មវិធីថ្មីៗ រួមទាំងបទចម្រៀងពីរោះៗ ដែលបានបកប្រែជាភាសាវៀតណាម និងភាសាខ្មែរ ហើយយកមកចាក់ផ្សាយនៅក្នុងប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ