ADB ផ្តល់កម្ចី ១២៧.៨លានដុល្លារ ជួយពង្រីកបណ្តាញបញ្ជូនថាមពលអគ្គីសនី នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី១២៧.៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាពនិងអាចទុកចិត្តបាន។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។
ADB បានឲ្យដឹងទៀតថា គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤.៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និង ២ លានដុល្លារពីមូលនិធិថាមពលស្អាតនៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត។
មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។
រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការ ការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។
គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង កំពង់ចាម និងតាកែវ។
គម្រោងផ្ទុកថាមពលដោយអាគុយ សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីកបណ្តាញបញ្ជូន និងចែកចាយចរន្ត និង គាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។ កាលពីឆ្នាំមុន ធនាគារ អភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧.៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ៕SP