ភ្នំពេញ ៖ លោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េ បានឲ្យដឹងថា តាមការវាយតម្លៃលើគម្រោង នៃការសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េទើប បានបញ្ចប់ ហើយការសាងសង់ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ»។ 

លោក សង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបាន      ផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណង ហិរញ្ញប្បទានសម្បទាន ចាប់តាំងពីឆ្នាំ១៩៩៧។ ជាការកត់សម្គាល់ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។ នៅឆ្នាំ២០២២ កម្ពុជាជាប្រទេសទទួលបានជំនួយច្រើនជាងគេក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េក្នុងទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា លំហូវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ និងទេសចរណ៍កូរ៉េ បានដើរតួនាទីដ៏សំខាន់ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រក្រី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ។ ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត គឺមិនអាចកាត់ផ្តាច់បានពីគាំទ្ររបស់សាធារណរដ្ឋកូរ៉េបានឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ