កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ថា  គ្មានទេការបាត់បង់អធិបតេយ្យភាព ឬការបាត់បង់ទឹកដីនោះ ផ្ទុយទៅវិញ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ ធ្វើឱ្យអធិបតេយ្យភាពកម្ពុជាកាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រងដោយក្រុមហ៊ុនខ្មែរ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនសាធារណមតិមួយចំនួន កុំឱ្យព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ។

សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីក តម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ