ភ្នំពេញ ៖ កម្ពុជា និងអូស្ត្រាលី បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជា ក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។

ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។


ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។ គួរជម្រាបថា កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូណេស៉ី ឬក៏ទៅដល់ហុងកុងក៏មាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីអូស្ត្រាលីថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោកធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។

ដូច្នេះលោករដ្ឋមន្ត្រី បានស្នើភាគីអូស្ត្រាលីជួយពិចារណាផ្តល់គម្រោងដូចនេះនៅតំបន់សត្វផ្សោតទន្លេមេគង្គផងដែរ ព្រោះសត្វផ្សោតគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយយ៉ាងសំខាន់នៅតំបន់នោះ «គ្មានសត្វផ្សោត គឺគ្មានទេសចរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ