គម្រោងសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរាបានបង្ហាញរូបរាងហើយ ខណៈការស្ថាបនានឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់នាថ្ងៃទី៣១ សីហានេះបានឲ្យដឹងថា ការស្ថាបនាស្ពាននេះនឹងធ្វើឡើងតាមការគ្រោងទុក ដោយគ្រោងនឹងចំណាយរយៈពេល ៣០ខែ ដើម្បីបញ្ចប់គិតចាប់តាំងពីពេលបើកសម្ភោធការដ្ឋានសាងសង់។ លោកបន្តថា គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរា បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហើយ។
លោកបានបញ្ជាក់ថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។
ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ៕SP