ក្រសួងការបរទេសចិន៖ ជំនួបលោក ពូទីន និងលោក គីម គឺផ្តោតលើទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី
ប៉េកាំង៖ ប្រទេសចិន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលដ៏កម្ររវាងលោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានផ្តោតសំខាន់លើទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅមជ្ឈមណ្ឌលអវកាសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ កញ្ញា ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី គឺជាការរៀបចំរវាងប្រទេសទាំងពីរ ហើយពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី។ លោក គីម បាននិយាយមុននេះថា ប្រទេសរបស់គាត់នឹងចាត់ទុកទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី ជា “អាទិភាពដំបូង”។
សម្រាប់ប្រទេសចិនវិញ លោកស្រី Mao បានគូសបញ្ជាក់ថា ចិន និងកូរ៉េខាងជើងជាប្រទេសជិតខាង និងជាមិត្តភក្តិ ដែលតភ្ជាប់គ្នាដោយភ្នំ និងទន្លេ។បច្ចុប្បន្នទំនាក់ទំនងចិន និងកូរ៉េខាងជើងកំពុងអភិវឌ្ឍយ៉ាងល្អ។
បន្ថែមលើនេះ ចិនជាសម្ព័ន្ធមិត្តសន្ធិសញ្ញាដ៏យូរអង្វែងរបស់កូរ៉េខាងជើង និងជាអ្នកផ្តល់ផលសេដ្ឋកិច្ចសំខាន់ផងដែរ។ ជាងនេះទៅទៀត ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីខែមេសាថា ទីក្រុងប៉េកាំងនឹងជំរុញឱ្យទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត៕