ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ ក្រោយលួចពួនស្ទាក់ចាប់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាំមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ ក្រោយលួចពួនស្ទាក់ចាប់ប្រជាពលរដ្ឋនៅពេលខុសច្បាប់ចរាចរណ៍។
តាមយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយទទួលបាន នៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញ បញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ភ្លាមៗនោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍០១នាក់នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
លើសពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕