ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន ៣បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេទាំងនោះ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានឆ្លងទន្លេបាសាក់នៅតំបន់ចាក់អង្រែ, និងស្ពានសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយក៏សុំបញ្ជាក់ជូនបន្តិចថា យើងឥឡូវនេះសម្រាប់តំបន់របស់យើង ទីក្រុងភ្នំពេញនេះ ត្រូវការស្ពាន ៣បន្ថែមទៀត ហើយស្ពាន ២អាចចេញជារូបរាង ក្នុងរយៈពេលឆាប់ មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម ដែលយើងត្រូវចំណាយ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច មិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណា ត្រូវបង់ប្រាក់ពេលនោះ នោះទេ។ ដូច្នេះហើយ ទើបនាពេលកន្លងមក រាជរដ្ឋាភិបាល បានទិញយកស្ពានព្រែកព្នៅមកគ្រប់គ្រង ដោយប្រជាពលរដ្ឋអាចឆ្លងទៅមក មិនបាច់បង់ប្រាក់ទៀតដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកវិនិយោគ គឺវិនិយោគតែផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានហើយ តែសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាសាងសង់ដោយខ្លួនឯង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ