រដ្ឋមន្ដ្រីក្រសួងសាធារណការ ថា ច្រកទ្វារព្រំដែនអន្ដរជាតិ ព្រៃវល្លិ៍ ស្វាយរៀង នឹងបើកយ៉ាងទូលំទូលាយ ដើម្បីជំរុញពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការបើកច្រកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាង កម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធីបើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឲ្យរាំងស្ទះខ្សែសង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។
លោក មាបប្រសាសន៍ថា «ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ ស្វាយរៀង នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេស កម្ពុជា-វៀតណាម កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ»។
ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ,ផ្លូវដែកតភ្ជាប់កម្ពុជា-វៀតណាម (ហូជីមិញ) ,ស្ពានស្ទឹងត្រង់ ,ស្ពានខេត្តក្រចេះ ,កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពី វៀតណាម-កម្ពុជា-ថៃ៕EB