រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើមូលនិធិ GX Foundation បន្ដជួយវះកាត់ជំងឺភ្នែកឡើងបាយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតាមខេត្ដនានា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យមូលនិធិ GX Foundation បន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែម ពិសេសជួយវះកាត់ជំងឺភ្នែកឡើងបាយទៅកាន់ខេត្ដផ្សេងទៀត បន្ទាប់ពីបញ្ចប់ការវះកាត់ជំងឺភ្នែកឡើងបាយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅខេត្ដព្រៃវែង។
ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying Yang នាយិកាប្រតិបត្តិមូលនិធិ GX Foundation និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួង។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងបន្ដថា កន្លងមកនេះ មូលនិធិ GX Foundation បានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជំនួយជាឧបករណ៍បរិក្ខារវេជ្ជសាស្ដ្រជាច្រើន ជាពិសេសនៅកំលុងការរាតជំងឺកូវីដ១៩ កាលពីកន្លងទៅ។
លើសពីនោះក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក ឧបត្ថម្ភដោយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់និងផ្លូវ នៃទីក្រុងហុងកុង បានវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃ បានជាង ៦,០០០នាក់ ដែលត្រូវបានអនុវត្ដដោយជោគជ័យ នៅខេត្ដកំពង់ចាម នាឆ្នាំ២០១៩។
ដូច្នេះដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោករដ្ឋមន្ត្រី ស្នើដល់មូលនិធិ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះទៅកាន់ខេត្តផ្សេងៗទៀត។
នាឱកាសនោះ លោកស្រី Emily CHAN Ying Yang ក៏បានប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕EB