ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីជូនដំណឹងថា រដ្ឋាភិបាលម៉ាឡេស៊ី បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នក ដំណើរមកពីបរទេស មកត្រឹម៧ថ្ងៃវិញ
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងពលករខ្មែរដែលរស់នៅ និងធ្វើការនៅម៉ាឡេស៊ី ឱ្យដឹងថារដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស មកត្រឹម៧ថ្ងៃវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ តទៅ។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ជនបរទេសទាំងត្រូវគោរពតាមលក្ខខណ្ឌដូចតទៅ៖
ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ដែលមានសុពលភាពរយៈពេល៣ថ្ងៃ មុនចាកចេញដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ហើយត្រូវបង្ហាញដល់អាជ្ញាធរនៅពេលចូលដល់ប្រទេសម៉ាឡេស៊ី។
ក្នុងករណីពុំមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។ នៅពេលមកដល់ប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង រួមទាំងការពិនិត្យរកមើលមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ ក្នុងករណីមានផ្ទុកមេរោគកូវីដ-១៩៕SP