កណ្ដាល៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល និង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ធ្វើការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង​ម្នាក់​ដដែល​បាញ់​ប្រហារ​ប្អូនថ្លៃ​ខ្លួនឯង​នោះបាន​ហើយ។នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ខេត្ដ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ដ​ព្រះវិហារ ក្រោយពី​ជន​ដៃដល់​រូបនេះ​ព្យាយាម​រត់​គេចខ្លួន​អស់​រយៈពេល​៧​ថ្ងៃ បន្ទាប់ពី​បាញ់​ប្រហារ​ប្អូនថ្លៃ​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​រន្ធត់ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ភូមិ ចុង​កោះ ឃុំ កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ​។​​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿន សុចិ​ត្ដ ស្នងការ​ខេត្ដ​កណ្ដាល​ បាន​ឲ្យ​ដឹង​ថា ជនដៃដល់​ឈ្មោះ សែន រ៉ា​នុ​ន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រី នគរបាល ប៉ុស្តិ៍​រដ្ឋបាល បាក់​ខែង​។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ​។ ជនសង្ស័យ​និង​ជនរងគ្រោះ​ត្រូវជា​បងប្អូន​ថ្លៃ​(​សាច់ថ្លៃ​)​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ​មាន​ទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី មិន​ស្គាល់​ម៉ាក ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញ​មក​ឃាត់​ដោយ​និយាយថា ចាំ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅ​ទៅ​ជនរងគ្រោះ​១​គ្រាប់​ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេច​ខ្លួនបាត់​តែម្ដង​។​​បន្ទាប់ពី​មានករ​ណី​នេះ​កើតឡើងភ្លាមៗ​នោះដែរ លោកស្នងការ​ខេត្ដ​កណ្ដាល ក៏បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ដ ​កម្លាំង​អធិការដ្ឋាន​ស្រុក និង​កម្លាំង​ប៉ុស្តិ៍ ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញ​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជនដៃដល់​ជា​បងថ្លៃ​បាញ់ប្រហារ​ស្លាប់​ប្រាកដ​មែន​។បន្ទាប់ពី​ពិនិត្យ​រួច កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​មក​ចាត់ការ​តាមច្បាប់ រហូតមកដល់​នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល និង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ធ្វើការ​ស្រាវជ្រាវ រហូត​បំបែកសំណុំរឿង​ចាប់ខ្លួន​ជនដៃដល់​រូបនេះ នៅ​ខេត្ដ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ដ​ព្រះវិហារ ក្រោយពី​ជន​ដៃដល់​រូបនេះ ​ព្យាយាម​រត់​គេចខ្លួន​អស់​រយៈពេល​៧​ថ្ងៃ​។​បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ