រឿងដែលមហាជនជាច្រើនកំពុងតែបញ្ចេញទស្សនៈ កោតសរសើរយ៉ាងខ្លាំង តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ក្នុងអំឡុងប្រទេសជាតិកើតបញ្ហាកូវីដ១៩ គឺមានជនពិការដៃទាំងសងខាងម្នាក់ ប្រកាស់ចែកដី ជូនប្រជាពលរដ្ឋក្រីក្រ រួមទាំងជនពិការដូចខ្លួន ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បុរសជាជនពិការនេះ ឈ្មោះ លឹម ភា អាយុ៤១ឆ្នាំ មានភរិយាឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន៧នាក់ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក ថា លោកជាអតីតទាហានខ្មែរក្រហម ក្នុងអំឡុងឆ្នំាំ១៩៩៨។ មកដល់ឆ្នាំ២០០៤ លោកបានដោះគ្រាប់មីន បណ្តាលអោយផ្ទុះដាច់ដៃ និងខ្វាក់ភ្នែកម្ខាង ដែលបណ្តាលឲ្យធ្លាក់ខ្លួនជាជនពិការ ។ ក្រោយពីធ្លាក់ខ្លួនជាជនពិការ ហើយបន្ទុកគ្រួសារកាន់តែធំទៅៗ លោក លឹម ភា បានសម្រេចចិត្ត ធ្វើចំណាក់ស្រុក ទៅធ្វើការនៅប្រទេសថៃ ។នៅប្រទេសថៃ មុខរបររបស់លោក គឺជាអ្នកដើរច្រៀងសុំទានគេ។ អាជីពនេះលោកបានប្រឹងប្រែងទាំងយប់ថ្ងៃ អស់រយះពេល៥ឆ្នាំ ។ រហូតដល់ដើមឆ្នាំ២០១១ លោកបានសម្រេចចិត្តចាក់ចេញពីប្រទេសថៃ ទៅប្រទេសម៉ាឡេស៊ី វិញ តែលោកមិនមែនធ្វើជាអ្នកសុំទានទៀតទេ គឺ បានផ្លាស់មុខរបរជាអ្នក លក់ទឹកឃ្មុំវិញ ។ មុនរបរលក់ទឹកឃ្មុំនេះ លោកទទួលបានប្រាក់កម្រៃគួរសម ដែលអាចទ្រទ្រង់ជីវភាពគ្រួសារបាន ។ ពីមួយឆ្នាំទៅមួយឆ្នាំ លោក លឹម ភា បានសន្សំប្រាក់ រហូតបានទិញដីខ្លះ នៅស្រុកកំណើត។ ដោយសារតែស្ថានភាពទីផ្សារដីមានការឡើងថ្លៃ ពីមួយឆ្នាំទៅមួយឆ្នាំធ្វើអោយការទិញលក់ដីរបស់លោកកាន់តែទទួលបានតម្លៃថ្លៃ និងចេះតែរីកចម្រើនទៅៗ ។ លុះដល់ឆ្នាំដើមឆ្នាំ២០២០នេះ លោកបានធ្វើការឈូសឆាយដី របស់លោក បានប្រមាណ៦០០ប្លង់។ ដោយមួយប្លងៗមានទំហំ៨គុណ១៨ម៉ែត្រ។បន្ទាប់ពីទទួលបានជីវភាពធូរធារ ដោយក្តីអាណិតអាសូរ និងនឹកឃើញដល់រឿងអតីតកាលរបស់លោក ដែលធ្លាប់មានប្រវត្តិកំសត់កម្រ លោក បានសម្រេចចិត្ត ប្រកាសចែកជូនដីរបស់លោកមួយចំនួនជូនដល់ប្រជាជនក្រីក្រ និងជនពិការដូចរូបលោក សរុប ៣០០គ្រួសារ ដែលស្ថិននៅក្នុង ស្រុកត្រពាំងប្រាសាទ ខេត្ត
តឧត្តរមានជ័យ ។ ប្រជាពលរដ្ឋ រួមទាំងជនពិការបានសាងសង់លំនៅឋានរបស់ខ្លួន ក្នុងទំហំដី ដែលមួយគ្រួសារទទួលបាន ក្នុងទំហំ ៨ម៉ែត្រគុណ ១៨ម៉ែត្រ និងមានប្លង់ស្របច្បាប់រៀងៗខ្លួន ។ ក្រៅពីការចែកដី លោក ក៏បានចែកគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាជនក្រីក្រ និងជនពិការទាំងនោះផងដែរ។ តាមរយះសកម្មភាពរបស់ជនពិការដៃទាំងសងខាង លោក លឹម ភា នេះហើយ ទើបធ្វើអោយមហាជនជាច្រើនបានកើតសរសើរដល់ទឹកចិត្តរបស់លោក ហើយមានអ្នកខ្លះបញ្ចេញទស្សនះលើបណ្តាញសង្គមថា ទឹកចិត្តរបស់លោកគ្រាន់បើជាងអ្នកមាន ឬសេដ្ឋីមួយចំនួនតូចក្នុងស្រុកទៅទៀត៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ