(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះ លោក អនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាលសំព្រោជ ក្រោមមូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ ។ 

តាមរយៈលិខិតដែលអង្គភាពសារព័ត៌មាន NP ទទួលបាន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្នងការនគរបាលខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី បានចេញសេចក្តីសម្រេច ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ក្រោមមូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ 

គួរបញ្ជាក់ផងដែរថា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។

សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

គួររំលឹកថា បើតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះធ្លាប់មានប្រវត្តិមិនល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្កាសរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ